ខេត្តមណ្ឌលគិរី-ដោយ: ក.ស្រីម៉ៅ
ប្រជាកសិករចំនួន ១០០គ្រួសារស្ថិតនៅឃុំចំនួនពីរ ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី បានទទួលស្រូវពូជចំនួន ១,០០០គីឡូក្រាម (មួយតោន) និងជីសរីរាង្គសញ្ញារូបក្ងានចំនួន ២,៥០០គីឡូក្រាម ពី ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងមន្ទីរពាក់ព័ន្ធក្នុងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអាជ្ញាធរស្រុកជាច្រើននាក់។ ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា ការនាំយកពូជស្រូវ និងជីសរីរាង្គមកផ្តល់ជូនប្រជាកសិករនាពេលនេះគឺជាការឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋដែលបានលើកឡើងក្នុងផែនការសមាហរណកម្មនាពេលកន្លងមក ដើម្បីឱ្យប្រជាកសិករយកពូជស្រូវទៅដាំដុះបានទាន់ពេលវេលា។
ឯកឧត្តមអភិបាល បានបន្ថែមថា ដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការលើកកម្ពស់វិស័យកសិកម្ម ដែលជាវិស័យបង្កើតនូវចំណូលសេដ្ឋកិច្ចជាតិ និងបង្កើនកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។ ជាពិសេស សម្រាប់ប្រជាកសិករនៅស្រុកកោះញែក ដែលមានផ្ទៃដីដាំដុះស្រូវស្រែវស្សាច្រើនជាងគេក្នុងក្រុងនិងស្រុកទាំងប្រាំក្នុងខេត្ត។
ជាងនេះទៅទៀត ឯកឧត្តមអភិបាល ក៏បានណែនាំដល់ប្រជាកសិករទាំងអស់ដែលមានផ្ទៃដីដាំដុះស្រូវក្នុងរដូវវស្សានេះ ត្រូវភ្ជួររាស់ដីស្រែឱ្យបានស្អាត និងត្រូវចេះជ្រើសរើសពូជដែលល្អធននឹងអាកាសធាតុ ជាពិសេសត្រូវសាបព្រោះឱ្យទាន់ពេលវេលាចៀសវាងទុកដីទំនេរចោល។
ម្យ៉ាងវិញទៀត គ្រាប់ពូជស្រូវផ្ការំដួលនេះជាប្រភេទពូជស្រូវល្អ ត្រូវយកទៅសាបព្រោះ ទៅតាមបច្ចេកទេសដែលមន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានធ្វើការណែនាំដើម្បីទទួលបានទិន្នផលខ្ពស់។
តាមការលើកឡើងរបស់ លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី បានឱ្យដឹងថា មន្ទីរបាននាំយកពូជស្រូវផ្ការំដួលចំនួន ១,០០០គីឡូក្រាម និងជីសរីរាង្គសញ្ញារូបក្ងានចំនួន ២,៥០០គីឡូក្រាម ចែកជូនដល់ប្រជាកសិករចំនួន ១០០គ្រួសារ ស្ថិតនៅឃុំចំនួនពីរ គឺឃុំអរបួនលើ និងឃុំស្រែសង្គម ស្ថិតក្នុងស្រុកកោះញែកដោយក្នុងមួយគ្រួសារទទួលបានពូជស្រូវផ្ការំដួលចំនួន ១០គីឡូក្រាម និងជីសរីរាង្គសញ្ញារូបក្ងានចំនួន ២៥គីឡូក្រាមផងដែរ៕