ប្រជាពលរដ្ឋ​១១​គ្រួសារ​ប្តឹង​ក្រុមហ៊ុន សុខា អូ​តែ​ល ដែល​បាន​ឈូសឆាយ​បំផ្លាញ​ផលដំណាំ និង​រំលោភ​យក​ដី​ចម្ការ​របស់​ពួកគាត់​ដែល​កំពុង​អាស្រ័យ​ផល​នៅ​ភូមិ​កែប​ថ្មី​

ខេត្ត​កំពត​-​ដោយ​: សុភ័ក្ត្រ​

​ប្រជាពលរដ្ឋ ១១​គ្រួសារ​បាន​ប្តឹង​ក្រុមហ៊ុន សុខា អូ​តែ​ល ថា​បាន​ប្រើ​គ្រឿងចក្រ​មក​ឈូសឆាយ​បំផ្លាញ​ផលដំណាំ​របស់​ពួកគាត់ (​ពលរដ្ឋ​១១​គ្រួសារ​) ដែល​កំពុង​អាស្រ័យ​ផល​នៅលើ​ទីតាំង​ដី​ក្នុងភូមិ​កែប​ថ្មី ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្ត​កំពត​។ ប្រជាពលរដ្ឋ​ដែល​បាន​រង​ផលប៉ះពាល់ រួមមានៈ ១-​លោក កែប មុនី​វណ្ណ​, ២-​លោក​ឡាក់ ហឿន​, ៣-​លោក អ៊ីវ ឈីន​, ៤-​លោក និន សុ​ក្រា​វ៉ាន់​, ៥-​លោក ស្វាយ គូ​ញ​, ៦-​លោកស្រី តាន់ សុធា​រ៉ា​, ៧-​លោក ព្រាប វុ​ធ​, ៨-​លោក ប្រាក់ ឃុន​ដា​រ៉ា​, ៩-​អ្នកស្រី នៃ តុលា​, ១០-​លោកស្រី និង សុ​ផា​នារី​, ១១-​លោក ងិន ង៉ាន់​។​

​ពលរដ្ឋ​ម្នាក់​តំណាងឱ្យ​ប្រជាពលរដ្ឋ ១១​គ្រួសារ បានឱ្យដឹងថា ប្រជាពលរដ្ឋ​ចំនួន ១១​គ្រួសារ​បាន​កាន់កាប់​ដី​ចម្ការ​និង​បាន​អាស្រ័យ​ផល​ជា​យូរ​ឆ្នាំ​មកហើយ គ្រួសារ​ខ្លះ​តាំងពី​ឆ្នាំ​១៩៩១ និង​គ្រួសារ​ខ្លះ​ទៀត​ចាប់ពី​ឆ្នាំ​១៩៩៣ រហូតមក​។ ទើប​មកដល់​ឆ្នាំ​២០០៧ ត្រូវបាន​មន្ត្រី​បរិស្ថាន​បាន​ហាមឃាត់​ពួកគាត់ ព្រមទាំង​បាន​កាប់​បំផ្លាញ​ដំណាំ​របស់​ពួកគាត់​ដូចជា​ស្វាយ ចេក ធុរេ​ន ដើម​ទឹកដោះគោ ជាដើម​នៅលើ​ផ្ទៃដី​ទំហំ​ប្រមាណ​ជាង ២០​ហិកតា ដែល​ទំហំ​ដី​គឺ​ចាប់​ពី​ផ្លូវ​ចូល​ភ្នំ​បូកគោ​រហូតដល់​តំបន់​វា​លពួច​។​

​ពលរដ្ឋ​ដដែល​បាន​បន្តថា ពួកគាត់​បាន​កាន់កាប់​ដី​នេះ​ជា​យូរ​មក​ហើយ​មាន​ទាំង​ឯកសារ​កាន់កាប់ សាលា​កប​ត្រ​ព័ត៌មាន​របស់​ក្រុមនិស្សិត​ចុះ​វាស់វែង និង​ឯកសារ​ចាប់ពី​ថ្នាក់​ភូមិ​ឃុំ​ស្រុក​រហូត​ដល់​ថ្នាក់​ខេត្ត តែ​ត្រូវបាន​ក្រុមហ៊ុន សុខា អូ​តែ​ល និង​មន្ត្រី​បរិស្ថាន​ខេត្ត​បាន​ឃុបឃិត​គ្នា​រំកិល​ព្រំប្រទល់​ឈាន​មក​រំលោភ​បំពាន​យក​ដី​ចម្ការ​របស់​ពួកគាត់​ដែល​ធ្លាប់​អាស្រ័យ​ផល​រាប់​ទសវត្សរ៍​មក​ហើយ​។​

​យោងតាម​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ ១១​គ្រួសារ នៅ​ភូមិ​កែប​ថ្មី ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ចុះ​ថ្ងៃ​ចន្ទ ៨​រោច ខែ​ស្រាពណ៍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៣ ខែ​កញ្ញា ឆ្នាំ​២០១៨ គោរព​ជូន ឯកឧត្តម​អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត សំណើសុំ​ប្តឹង​ក្រុមហ៊ុន សុខា អូ​តែ​ល ដែល​បាន​ឈូសឆាយ​រំលោភ​យក​ដី​ចម្ការ​ដែល​ពួកគាត់​អាស្រ័យ​ផល​នៅ​ភូមិ​កែប​ថ្មី ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្ត​កំពត​។​

​ក្នុង​លិខិត​ដដែល​បាន​ឱ្យដឹង​បន្តថា ដោយ​មូលហេតុ ក្រុមហ៊ុន សុខា អូ​តែ​ល បាន​ប្រើ​គ្រឿងចក្រ​មក​ឈូសឆាយ​ផលដំណាំ​របស់​ពួកគាត់ (​ពលរដ្ឋ​១១​គ្រួសារ​) ដែល​កំពុង​អាស្រ័យ​ផល​នៅលើ​ដី​នោះ មាន​ដំណាំ​ដូចជា ស្វាយ ស្វាយចន្ទី ខ្នុរ ចេក ទឹកដោះគោ ត្របែក ដូង ត្រូវ​បាន​កម្ទេច​ចោល​អ​ស់រួច​ក្រុមហ៊ុន​បាន​យក​ដី​របស់​ពួកគាត់​ដាំ​ស្វាយ ត្របែក ក្រូច ដាំ​លើដី​ដែល​បាន​ឈូសឆាយ​នោះ ដើម្បី​បំបាត់ភស្តុតាង​ដំណាំ​ដែល​ពួកគាត់​បាន​ដាំ​ដុះ​នា​ពេលកន្លងមក​។​

​សូមបញ្ជាក់​ថា ដីចម្ការ​របស់​ប្រជាពលរដ្ឋ​ទាំង ១១​គ្រួសារ ពួកគាត់​បាន​កាន់កាប់​អាស្រ័យ​ផល​ដាំ​ដុះ តាំងពី​ឆ្នាំ​១៩៩០-១៩៩១ មកម្ល៉េះ ហើយ​មាន​ទាំង​សាលា​កប​ត្រ​ព័ត៌មាន (​បង្កាន់ដៃ​) របស់​និស្សិត​បាន​ធ្វើការ​វាស់វែង​រួចរាល់​ផងដែរ​។

​លោក ផែ លាក់ នាយក​ចាត់ការ​ទូទៅ​ខាង​វិស័យ​កសិកម្ម នៃ​ក្រុមហ៊ុន សុខា អូ​តែ​ល (SOKHA HOTEL CO.,LTD) បានឱ្យ​ដឹង​យ៉ាងខ្លី​ថា រឿង​ទំនាស់​ដីធ្លី​នៅ​តំបន់​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស “​បូកគោ​” នេះ​មិន​មាន​ពាក់ព័ន្ធ​ជាមួយ​នឹង​ក្រុមហ៊ុន​នោះ​ទេ គឺ​ទាក់ទង​ជាមួយនឹង​មន្ទីរ​បរិស្ថាន​ខេត្ត​កំពត​។​

​ទាក់ទិន​នឹង​ការចោទប្រកាន់​ខាងលើ​នេះ​ដែរ លោក ស៊ុយ ធា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពត បានឱ្យដឹងថា ករណី​រំកិល​ព្រំ​សូមកុំ​យក​ឈ្មោះ​មន្ត្រី​បរិស្ថាន​ថា​ជា​អ្នក​រំកិល​ព្រំ គឺ​មិន​អាច​កើតឡើង​នោះ​ទេ ព្រោះ​បង្គោល​ព្រំប្រទល់​មាន​និយាម​ការ​ច្បាស់លាស់​។ តែ​ប្រសិនបើ​ដឹង​ច្បាស់ សូម​ប្រាប់​ឈ្មោះ​មន្ត្រី​បរិស្ថាន​រូប​ណា​ហ៊ាន​រំកិល​ព្រំ​។ តួនាទី​របស់​មន្ត្រី​បរិស្ថាន​គឺ​អនុវត្ត​តាម​ច្បាប់​គោលការណ៍​ណែនាំ​របស់​ថ្នាក់លើ​ស្របតាម​ច្បាប់​។ សូម​ឱ្យ​ប្រជាជន​ប្រាប់​ឈ្មោះ​អ្នក​រំកិល​ព្រំ ពីព្រោះ​កុំឱ្យ​បង្ខូចឈ្មោះ​ស្ថាប័ន​របស់​លោក​។ រីឯ បណ្តឹង​របស់​ប្រជាពលរដ្ឋ​ទាំង ១១​គ្រួសារ លោក​មិន​ទាន់​បាន​ដឹង​រឿង​នេះ​នោះ​ទេ តែ​ចំពោះ​ដី​របស់​ប្រជាពលរដ្ឋ​ដែល​កាន់កាប់​អាស្រ័យ​ផល​គឺ​យើង​ត្រូវការពារ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ ក្នុងនាម​លោក​ជា​អ្នកអនុវត្ត​ច្បាប់​ទៅ​តាម​លិខិតបទដ្ឋាន​។

​លោក ស៊ុយ ធា បាន​បន្តថា កន្លង​ទៅ​ពេល​ក្រុមហ៊ុន​ឈូសឆាយ​ខ្ញុំ​បាន​សុំ​ឱ្យ​គាត់​ដាក់ពាក្យ​មក តើ​នៅ​កន្លែង​ណា​? ទីតាំង​ណា​? ចឹង​យើង​ដោះស្រាយ​បន្ត​ទៀត បើសិនជា​គាត់​ពិតជា​មាន​ដំណាំ​ជាក់ស្តែង​មែន អា​ហ្នឹង​! រដ្ឋបាល​ខេត្ត​លោក​នឹង​ធ្វើការ​ជាមួយ​ក្រុមហ៊ុន ជាមួយ​ក្រសួង​បរិស្ថាន​ដើម្បី​យើង​ពិនិត្យ​ឱ្យ​មាន​ភាព​សុក្រឹត​ទាំងអស់គ្នា យើង​មិន​អាច​បោះបង់ចោល​ប្រជាពលរដ្ឋ​ដែល​កាន់កាប់​ជាក់ស្តែង​ទៅតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​វាស់វែង​ដី​ជូន​ប្រជាពលរដ្ឋ​ទេ ៕

 

pu180923a1 pu180923a2 pu180923a3 pu180923a4 pu180923a5 pu180923a6 pu180923a7 pu180923a8 pu180923a9 pu180923a9a pu180923a9b pu180923a9c pu180923a9d pu180923a9e pu180923a9f-(1) pu180923a9f-(2) pu180923a9f-(3) pu180923a9f-(4) pu180923a9f-(5) pu180923a9f-(6) pu180923a9f-(7) pu180923a9f-(8) pu180923a9f-(9) pu180923a9f-(10) pu180923a9f-(11) pu180923a9f-(12) pu180923a9f-(13) pu180923a9f-(14) pu180923a9f-(15) pu180923a9f-(16)