នាល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Noguchi Yasushi មេបញ្ជាការកងពលធំបោសសំអាតមីនទី១ របស់ប្រទេសជប៉ុន ដែលជំនួបនេះ បានធ្វើឡើងនៅឯសណ្ឋាគារ សុខា ខេត្តព្រះសីហនុ។
ក្នុងជំនួបនេះ ឯកឧត្តម Noguchi បានសម្តែងការអបអរសាទរជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលត្រូវបានធ្វើជាប្រធានអាស៊ាន ហើយក៏សូមសម្តែងអំណរសាទរផងដែរចំពោះខួប ៣០ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព (PKO)។
ជាមួយនោះ ឯកឧត្តម Noguchi ក៏បានសម្ដែងនូវអំណរគុណជូនចំពោះសម្តេចតេជោ ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយជប៉ុន ជាពិសេស តាមរយៈឯកឧត្តម ហ៊ុន ម៉ាណែត ដែលបានបំពេញបេសកម្មនៅប្រទេសជប៉ុនកន្លងមក។
ឯកឧត្តម Noguchi ក៏បានគោរពជម្រាបជូនសម្តេចតេជោ នូវបេសកកម្មករបស់ឯកឧត្តម នោះគឺដើម្បីរក្សាសុវត្ថិភាព សន្តិសុខ តំបន់ឥណ្ឌូប៉ាស៉ីហ្វិច ដែលបេីកចំហ និងសេរី។ ជាមួយគ្នានោះផងដែរ ឯកឧត្តម បានប្តេជ្ញាគោរពជូនសម្ដេចតេជោ ថា ឯកឧត្តម នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីធ្វើយ៉ាងណារក្សានូវសន្តិភាព និងសន្តិសុខក្នុងតំបន់។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានធ្វើការស្វាគមន៍ និងបានសម្តែងនូវក្ដីរីករាយ ដែលនាវាជប៉ុន បានចូលចតនៅកម្ពុជា ហើយការចូលចតនេះ គឺចំខួប ៣០ឆ្នាំ របស់ PKO ហើយអ្វីដែលសំខាន់ជាងនេះទៅទៀត គឺការចូលចតនេះ គឺមកឃើញនូវភាពជោគជ័យ នៃប្រតិបត្តិការ PKO កាលពីរយៈពេល ៣០ឆ្នាំកន្លងទៅ។
តាមប្រតិបត្តិការរក្សាសន្តិភាព PKO ៣០ឆ្នាំកន្លងទៅនេះ សម្ដេចតេជោ បានមានប្រសាសន៍សង្កេតឃើញថា តួនាទីរបស់ជប៉ុន នៅក្នុងឆាកអន្តរជាតិ ក្នុងការស្វែងរកសន្តិភាពកាន់តែមានការីកចំរើនឡើង ហើយ ប្រតិបត្តិការ PKO ដែលបានមកកាន់កម្ពុជាកន្លងមក មិនត្រឹមតែបានជួយរក្សាសុខសន្តិភាពដល់កម្ពុជាប៉ុណ្ណោះទេ និងបានជួយជំរុញការអភិវឌ្ឍកម្ពុជាថែមទៀតផង។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សម្ដេចពិតជាមានមោទនភាពណាស់ ចំពោះកិច្ចប្រតិបត្តិការរបស់ PKO ហើយសម្ដេចបានលើកទឹកចិត្តសូមឱ្យបន្តកិច្ចសហប្រតិបត្តិការ ធ្វើយ៉ាងណាជំរុញតំបន់ឱ្យមានសន្តិសុខ និងសុវត្ថិភាពនិងគោរពច្បាប់ឱ្យបានត្រឹមត្រូវ៕/