ព្រះរាជាណាចក្រ​កម្ពុជា ទទួលបាន​មកវិញ​នូវ​រតនសម្បត្តិ​ជាតិ វត្ថុ​បុរាណ​ខ្មែរ​ចំនួន​១៤​រូប ពី​សារមន្ទីរ Metropolitan Museum of Art នៅ​ទីក្រុង​ញ៉ូវ​យក

​រាជធានី​ភ្នំពេញ​៖ យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ចុះ​ថ្ងៃ​ពុធ ១២​រោច ខែ​ជេស្ឋ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០២៤ ស្តីពី​ការ​ប្រគល់​មក​វិញ​នូវ​រតនសម្បត្តិ​ជាតិ វត្ថុ​បុរាណ​ខ្មែរ​ចំនួន ១៤​រូប ពី​សារមន្ទីរ Metropolitan Museum of Art នៅ​ទីក្រុង​ញ៉ូវ​យក ត្រូវបាន​បញ្ជូន​មកដល់​កម្ពុជា​។

​សេចក្តី​ជូន​ព័ត៌មាន​ដដែល បានបញ្ជាក់​ពិស្តា​រថា ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​មាន​សេចក្តី​រីករាយ សូម​ជម្រាប​ជូន​សាធារណជន​ឱ្យបាន​ជ្រាបថា​៖ វត្ថុ​បុរាណ ខ្មែរ​ចំនួន ១៤​រូប ត្រូវបាន​បញ្ជូន​ពី​សារមន្ទីរ Metropolitan Museum of Art (MET) នៅ​សហរដ្ឋអាមេរិក មក​ដល់​សារមន្ទីរ​ជាតិ​កម្ពុជា រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០២៤ ក្រោយពី​បាន​ប្រកាស​ព័ត៌មាន​ស្តីពី​ការ ប្រគល់​ជូន​មក​កម្ពុជា​វិញ កាលពី​ខែ​ធ្នូ ឆ្នាំ​២០២៣​។ ការបញ្ជូន​ត្រឡប់មកវិញ​ជា​ប្រវត្តិសាស្ត្រ​នូវ​រតនសម្បត្តិ​ជាតិ​របស់​យើង ពី​សារមន្ទីរ MET ដែល​ជា​ស្ថាប័ន​វប្បធម៌​ដ៏​ធំ​បំផុត​មួយ​ក្នុង​ពិភពលោក គឺ​តាមរយៈ​ដំណើរ​ការចរចា​អស់​ជាច្រើន​ឆ្នាំ រវាង​ក្រុម​ការងារ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​កម្ពុជា ការិយាល័យ​រដ្ឋអាជ្ញា​សហរដ្ឋអាមេរិក​ប្រចាំ​សង្កាត់​ភាគខាងត្បូង​ក្រុង​ញូវយ៉ក (SDNY) ការិយាល័យ​ស៊ើបអង្កេត​សន្តិសុខ​មាតុភូមិ​សហរដ្ឋអាមេរិក (HSI) និង​តំណាង​សារមន្ទីរ MET​។

​វត្ថុ​បុរាណ​ខ្មែរ​ទាំង​នេះ​មាន​ដូចជា​៖ ទេព​ស្រី (​នាង​ឧមា​) ធ្វើ​ពី​ថ្ម​ភក់ សតវត្សរ៍​ទី​១០​គ​.​ស​. ដែល​ជា​រូបចម្លាក់​ដ៏​ល្អ ឯ​កមួយ​មាន​ប្រភព​មក​ពី​រាជធានី​កោះ​កេរ​។ នៅ​ឆ្នាំ​២០២១ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​រកឃើញ​ប្រអប់ជើង​នៃ​បដិមា​នេះ​នៅ​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ និង​ដោយ​ផ្អែក​លើ​សក្ខីកម្ម​ពី​អតីត​បុគ្គល​ដែល​បាន​លួច​បញ្ជាក់ថា បដិមា នេះ​ត្រូវបាន​លួច​យក​ចេញ​នៅ​ឆ្នាំ​១៩៩៧​។ ទីបំផុត រូបចម្លាក់​នាង​ឧមា​អាច​ផ្តុំ​ជាមួយ​គ្នា​ឡើង​វិញ​ជា​រូប​បដិមា​តែមួយ ពេញលេញ និង​ល្អ​វិចិត្រ​។

​ចម្លាក់​ដ៏​កម្រ និង​ជា​ស្នាដៃឯក​មួយទៀត​គឺ បដិមា​ព្រះ​លោ​កេសូរ ធ្វើ​ពី​សំ​លោហៈ ចុង​សតវត្សរ៍​ទី​១០ ដើម​១១​គ​.​ស ដែល​សារមន្ទីរ MET បាន​ទិញ​បដិមា​នេះ​ពី​លោក Douglas Latchford នៅក្នុង​ឆ្នាំ​១៩៩២​។ វត្ថុ​បុរាណ​ដ៏​សំខាន់​មួយទៀត នោះ​គឺ​ព្រះ​កេស​ព្រះ​លោ​កេសូរ ធ្វើ​ពី​សំរឹទ្ធ សតវត្សរ៍​ទី​១០​គ​.​ស​. ដែល​កម្ពុជា​តែង​ព្យាយាម​ស្វែងរក ដើម្បី​យក​មក​ផ្តុំ​ឡើង​វិញ​ជាមួយ​នឹង​ដងខ្លួន បច្ចុប្បន្ន​កំពុង​ដាក់​តាំង​នៅ​សារមន្ទីរ​ជាតិ​កម្ពុជា​។ ព្រះ​កេស​នេះ​ប្រហែល​ត្រូវបាន​គេ​លួច​នៅក្នុង​ទសវត្សរ៍​១៩៩០ រី​ឯ​ដងខ្លួន​ត្រូវបាន​គេ​រកឃើញ​នៅ​ក្នុង​ស្ទឹង​មួយ​ក្នុង​ទសវត្សរ៍​១៩៣០ ក្នុង​ខេត្ត​បាត់ដំបង​។

​លោកជំទាវ​បណ្ឌិត​សភា​ចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ មានប្រសាសន៍ថា “​ការប្រគល់​សម្បត្តិ​វប្បធម៌​របស់​ជាតិ​យើង​ត្រឡប់មកវិញ​ពី​សារមន្ទីរ MET គឺ​មាន​សារៈសំខាន់​បំផុត មិន​សម្រាប់​តែ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​មនុស្សជាតិ​ទាំងមូល​ផង​ដែរ​។ យើង​ដឹង​ថា វត្ថុ​បុរាណ​ខ្មែរ​ជា​ច្រើន​ទៀត​ស្ថិត​នៅ​សារមន្ទីរ MET ដែល​យើង​សង្ឃឹមថា វត្ថុ​ដ៏​មានតម្លៃ​ទាំងនោះ​នឹង​វិលត្រឡប់​មក​កម្ពុជា​វិញ​។ យើង​មាន​សេចក្តីសោមនស្ស​រីករាយ ដែល​អ្នក​កាន់កាប់​សមុច្ច័យ​ឯកជន​នានា និង​សារមន្ទីរ​មួយចំនួន​បាន​ទាក់ទង​មក​យើង​ក្នុងពេល​ថ្មីៗ​នេះ ហើយ​យើង រំពឹងថា មរតក​វប្បធម៌​សំខាន់ៗ​ដទៃ​ជា​ច្រើន​ទៀត នឹង​ប្រគល់​ត្រឡប់​មក​មាតុភូមិ​វិញ​នា​ពេលអនាគត​”​។

​លោកជំទាវ​បណ្ឌិត​សភាចារ្យ​រដ្ឋមន្ត្រី មានប្រសាសន៍​បន្ត​ទៀត​ថា “​ការបញ្ជូន​ត្រឡប់មកវិញ​ជា​បន្តបន្ទាប់​នូវ​សម្បត្តិ​វប្បធម៌​ជាតិ​ដែល​ត្រូវបាន​គេ​លួច​នាំ​ចេញ​ដោយ​ខុសច្បាប់​នេះ គឺ​សបញ្ជាក់​ជាថ្មី​ម្តងទៀត នូវ​ការប្តេជ្ញាចិត្ត​របស់​កម្ពុ​ជា ក្នុង​ការបន្ត​ស្វែងរក និង​នាំ​យក​មក​វិញ​នូវ​ព្រលឹង​ដូនតា​របស់ខ្លួន ដែល​បាន​ឃ្លាត​ចាក​ឆ្ងាយ​ពី​ទឹកដី​កំណើត ក្នុងអំឡុង​សង្គ្រាមស៊ីវិល និង​អសន្តិសុខ​ច្រើន​ទសវត្សរ៍​កន្លងមកនេះ​។ យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​ជា​ប្រធានព្រឹទ្ធសភា ចំពោះ​ការដឹកនាំ ប្រកបដោយ​គតិបណ្ឌិត ដែល​បាន​នាំមក​នូវ​សន្តិភាព​ពេញលេញ​ជូន​ជាតិ​មាតុភូមិ តាមរយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ​។ ព្រម​ជាមួយ​នេះ ប្រជាជន​កម្ពុជា​សូម​ស្វាគមន៍​ការវិលត្រឡប់​មក​វិញ​នៃ​ព្រលឹង​ដូនតា​ដែល​ជា​មង្គល​របស់​ជាតិ ក៏​ដូច​ជា​ការ​ប្រោះព្រំ​ប្រសិទ្ធិ​ពរ​ជូន សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​ថ្មី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​”​។

​លោកជំទាវ​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ និង​ការខិតខំ​ប្រឹងប្រែង របស់​រដ្ឋអាជ្ញា​សហរដ្ឋអាមេរិក លោក Damian Williams និង​ការិយាល័យ​រដ្ឋអាជ្ញា​ប្រចាំ​សង្កាត់​ភាគខាងត្បូង​ក្រុង​ញូវយ៉ក ជាពិសេស​លោក​ស្រី Jessica Feinstein និង​លោក Shiva Logaraja ព្រម​ទាំង​ការិយាល័យ​ស៊ើបអង្កេត​សន្តិសុខ​មាតុភូមិ និង​ភ្នាក់ងារ​ពិសេស​គឺ​លោក John P. Labbat និង លោក Robert Mancene រួមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំង​នៅ​ក្រៅប្រទេស និង​នៅ​កម្ពុជា ជាពិសេស​ថ្លែងអំណរគុណ​ដល់​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា និង​ក្រុមការងារ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។ ទន្ទឹមនេះ​លោកជំទាវ​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ជាពិសេស​ចំពោះ​លោក Bradley J.

Gordon ស្ថាបនិក​នៃ​ក្រុមហ៊ុន Edenbridge Asia លោក Steven Heimberg នៃ​ក្រុមហ៊ុន Apex Advisors កញ្ញា Melina Antoniadis នៃ​ក្រុមហ៊ុន NOSTOS Strategies និង​លោកស្រី​សាស្ត្រាចារ្យ Ashley Thompson នៃ​សកល​វិទ្យាល័យ SOAS ដែល​បាន​ជួយ​ក្នុង​ការចរចា​ទាមទារ​មក​កម្ពុជា​វិញ​នូវ​សម្បត្តិ​វប្បធម៌​ខ្មែរ​នា​ពេលកន្លងមក​។

​លោកជំទាវ​បណ្ឌិត​សភាចារ្យ​រដ្ឋមន្ត្រី ក៏​បាន​បញ្ជាក់ថា “​ការបញ្ជូន​ត្រឡប់មកវិញ​នៃ​ព្រលឹង​ដូនតា​នេះ បានរួម ចំណែក​យ៉ាង​សំខាន់​ដល់​ការផ្សះផ្សា និង​ការព្យាបាល​របួស​ផ្លូវចិត្ត​របស់​ប្រជាជន​កម្ពុជា ដែល​បាន​ឆ្លងកាត់​សង្គ្រាម​ស៊ីវិល​ជាច្រើន​ទសវត្សរ៍ និង​រងគ្រោះ​ដ៏​ឈឺចាប់​ពី​សោកនាដកម្ម​នៃ​អំពើ​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម​។ លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​នេះ ក៏​បាន​បង្ហាញ​នូវ​ទំនាក់ទំនង​កាន់តែ​រឹងមាំ​ឡើង​ជាមួយ​សហរដ្ឋអាមេរិក​”៕/​