រាជធានីភ្នំពេញ៖ យោងតាមលិខិតជូនដំណឹងរបស់អាជ្ញាធរអគ្គិសនីកម្ពុជា លេខ ០៨៥.ផក.២២ អអក ចុះថ្ងៃសុក្រ ១៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ បានបញ្ជាក់ថា អាជ្ញាធរអគ្គិសនីកម្ពុជា មានកិត្តិយសសូមជម្រាបជូនអ្នកឧកញ៉ា ឧកញ៉ា លោក/លោកស្រី នាងកញ្ញា អ្នកកាន់អាជ្ញាបណ្ណធ្វើសេវាកម្មផ្គត់ផ្គង់អគ្គិសនីក្នុង ព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា កន្លងមក អាជ្ញាធរអគ្គិសនីកម្ពុជាបានចេញលិខិតលេខ ១៤៩.ផក .២៣ អអក ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ស្តីពីការធ្វើស្វ័យប្រកាសអំពីការដំឡើង និងការប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលដែលពុំមានការអនុញ្ញាត ដោយតម្រូវឱ្យអ្នកប្រើប្រាស់អគ្គិសនីទាំងអស់ដែលបានដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យនៅលើដំបូល ដោយពុំមានការអនុញ្ញាត អញ្ជើញទៅដាក់ពាក្យប្រកាសអំពីការប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យរបស់ខ្លួន នៅទីស្នាក់ការរបស់អគ្គិសនីកម្ពុជា ឬទីស្នាក់ការរបស់អ្នកផ្គត់ផ្គត់អគ្គិសនីឯកជន ដែលឋិតនៅក្នុងតំបន់ដែលខ្លួនកំពុងប្រើប្រាស់អគ្គិសនី។
ពេលនេះ អាជ្ញាធរអគ្គិសនីកម្ពុជា បានអំពាវនាវបន្ថែមឱ្យអ្នកប្រើប្រាស់អគ្គិសនីដែលបានដំឡើង និងប្រើប្រាស់ ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល ហើយពុំទាន់បានធ្វើស្វ័យប្រកាសតាមការអំពាវនាវកន្លងមក មកធ្វើស្វ័យប្រកាស ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។ ដូច្នេះ អាជ្ញាធរអគ្គិសនីកម្ពុជា ស្នើអ្នកឧកញ៉ា ឧកញ៉ា លោក/លោកស្រី នាងកញ្ញា ជួយផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់អាជ្ញាធរអគ្គិសនីកម្ពុជា ដល់អ្នកប្រើប្រាស់ឋិតក្នុងតំបន់ផ្គត់ផ្គង់របស់ខ្លួន និងត្រៀមទទួលការធ្វើស្វ័យប្រកាសរបស់អ្នកប្រើប្រាស់។ ក្នុងរយៈពេល៧ (ប្រាំពីរ) ថ្ងៃ បន្ទាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ អ្នកកាន់អាជ្ញាបណ្ណត្រូវបញ្ជូនលិខិតស្វ័យប្រកាសដែលទទួលបានពីអ្នកប្រើប្រាស់ មកអាជ្ញាធរអគ្គិសនីកម្ពុជា។
អាស្រ័យហេតុនេះ អ្នកឧកញ៉ា ឧកញ៉ា លោក/លោកស្រី នាងកញ្ញា មេត្តាជ្រាប និងជួយសហការ អនុវត្តឱ្យមានប្រសិទ្ធភាព៕/