រាជធានីភ្នំពេញ-ដោយ:សុភ័ក្ត្រ
យោងតាមសេចក្តីណែនាំលេខ០៦ អយក.សណន ចុះថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្តីពី “វិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវាបុណ្យនៃក្តីស្រឡាញ់នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន” របស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ នៅថ្ងៃទី១៤ ខែកុម្ភៈ ដែលជាទិវាបុណ្យនៃក្តីស្រឡាញ់ (Valentine’s Day) ជាឱកាសមួយធ្វើឱ្យសិស្សានុសិស្សមួយចំនួនយល់ច្រឡំថា បុណ្យនេះជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍ទៅវិញ។
នៅអំឡុងប៉ុន្មានឆ្នាំចុងក្រោយ ទិវានេះកាន់តែមានឥទ្ធិពលធំឡើងៗ ធ្វើឱ្យយុវវ័យភ្លើតភ្លើន ភ្លេចការសិក្សា បាត់បង់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ខ្លួន និងក្រុមគ្រួសារផងដែរ ប្រាសចាកវប្បធម៌ និងប្រពៃណីជាតិដ៏ផូរផង់របស់ខ្មែរ ដែលបុព្វបុរសខ្មែរបានបន្សល់ទុកយូរលង់មក។
ដើម្បីការពារ និងថែរក្សានូវវប្បធម៌ និងប្រពៃណីរបស់ខ្លួន ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការណែនាំដល់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន មានខ្លឹមសារ ដូចតទៅ៖
១-ត្រូវផ្សព្វផ្សាយដល់សិស្សានុសិស្សតាមគ្រប់មធ្យោបាយ ដូចជាតាមរយៈការប្រជុំនៅពេលគោរពទង់ជាតិ កុំឱ្យមានការយល់ខុសអំពីអត្ថន័យនៃទិវាបុណ្យនៃក្តីស្រឡាញ់ (Valentine’s Day)។
២-ត្រូវពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថានសិក្សាសាធារណៈឱ្យបានម៉ឺងម៉ាត់ ជាពិសេសលើការគ្រប់គ្រងសីលធម៌ និងវិន័យដោយតាមដានអវត្តមានរបស់សិស្សានុសិស្សជាប្រចាំ។
៣-ត្រូវជំរុញដំណើរការរបស់ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារប្រចាំសាលា ដោយអនុវត្តសកម្មភាព “មិត្តអប់រំមិត្ត”។
៤-ត្រូវធ្វើទំនាក់ទំនងជិតស្និទ្ធជាមួយមាតាបិតា អ្នកអាណាព្យាបាលសិស្ស សហគមន៍ ដើម្បីផ្តល់ និងទទួលព័ត៌មាននានាពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតី ដែលប្រព្រឹត្តដោយសិស្សានុសិស្ស ដើម្បីសហការគ្នា អប់រំ ណែនាំ កែលម្អសិស្សានុសិស្សបានទាន់ពេលវេលា។
ក្រសួងអប់រំ យុវជន និងកីឡា សង្ឃឹមនិងជឿជាក់លើស្មារតីទទួលខុសត្រូវខ្ពស់របស់លោក លោកស្រី ក្នុងការយកចិត្តទុកដាក់អនុវត្តសេចក្តីណែនាំឱ្យមានប្រសិទ្ធភាពខ្ពស់៕