កម្លាំង​ប្រជា​ការពារ និង​ក្រុមការងារ​យុវជន​ភូមិ​អូរឫស្សី​ចំនួន ៤៧​នាក់​ទទួលបាន​ការលើក​ទឹកចិត្ត​ពី​លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត និង​អាជ្ញាធរ​សង្កាត់ រួម​នឹង​មេ​ភូមិ​ជា​ថវិកា និង​គ្រឿងឧបភោគ​និង​បរិភោគ​

ក្រុង​ប៉ោយប៉ែត​-​ដោយ​: លាង សុភ័ក្ត្រ​

​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៣​រោច ខែ​ភទ្របទ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៩ លោក គាត ហ៊ុល អភិបាល នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​ថវិកា​លើកទឹកចិត្ត និង​គ្រឿងឧបភោគ​និង​បរិភោគ​ដល់​កម្លាំង​ប្រជា​ការពារ និង​ក្រុមការងារ​យុវជន​ភូមិ​អូរឫស្សី ស្ថិតក្នុង​សង្កាត់​ផ្សារកណ្តាល ក្នុង​ឱកាស​ពិធី​បុណ្យកាន់បិណ្ឌ (​ដាក់​បិណ្ឌ​) និង​បុណ្យ​ភ្ជុំបិណ្ឌ​នាពេល​ដ៏​ខ្លី​ខាងមុខនេះ​។

​ពិធី​នេះ​បាន​រៀបចំ​ឡើង​នៅ​ទីស្នាក់ការ​ភូមិ​អូរឫស្សី ដោយ​មាន​វត្តមាន​អមដំណើរ​គណៈអធិបតី និង​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក ញឹម ផឿង នាយក​រដ្ឋបាល​សាលាក្រុង​ប៉ោយ​ប៉ែត លោក ស្រិល អិុន ប្រធាន​ក្រុមប្រឹក្សា​សង្កាត់ និង​ជា​ចៅសង្កាត់ នៃ​សង្កាត់​ផ្សារកណ្ដាល លោក វ៉ាន់ ប៊ុន​ធី អនុប្រធាន​អង្គភាព​លទ្ធកម្ម​ក្រុង លោក ស៊ូ បាន មន្ត្រី​ការិយាល័យ​អភិវឌ្ឍន៍​ក្រុង និង​លោក សាំង ឃឺន មេភូមិ​អូរឫស្សី រួម​នឹង​កម្លាំង​ប្រជា​ការពារ និង​ក្រុមការងារ​យុវជន​ភូមិ​អូរឫស្សី​ជាច្រើន​នាក់​។​

​កម្លាំង​ប្រជា​ការពារ​ភូមិ​ចំនួន ៤២​នាក់ និង​ក្រុមការងារ​យុវជន​ភូមិ​អូរឫស្សី​ចំនួន ៥​នាក់ សុ​រុប ៤៧​នាក់ បាន​ទទួល​ការលើកទឹកចិត្ត​ពី​អាជ្ញាធរ​ក្រុង​-​សង្កាត់ និង​មេភូមិ ជា​ថវិកា និង​គ្រឿងឧបភោគ​និង​បរិភោគ ដោយ​ក្នុង​ម្នាក់​ទទួលបាន ÷
១-​ថវិកា ចំនួន ១៥០,០០០ (​មួយ​សែន​ប្រាំ​ម៉ឺន​) រៀល​
២-​អង្ករខ្សាយ​មួយ​បាវ ទម្ងន់ ៥០​គីឡូក្រាម​
៣-​មី ១​កេស​
៤-​ទឹកក្រូច ១​យួរ​

​សូមជម្រាបថា ពិធី​ប្រគល់​ថវិកា​លើកទឹកចិត្ត និង​គ្រឿងឧបភោគ​និង​បរិភោគ​ដល់​កម្លាំង​ប្រជា​ការពារ និង​ក្រុមការងារ​យុវជន​ភូមិ​អូរឫស្សី​នាឱកាស​ពិធី​បុណ្យកាន់បិណ្ឌ (​ដាក់​បិណ្ឌ​) នេះ​គឺ​ដោយ​បាន​ការយកចិត្តទុកដាក់ និង​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​របស់​លោក សាំង ឃឺន មេភូមិ​អូរឫស្សី រួម​នឹង​សប្បុរសជន និង​តាម​ការចង្អុលបង្ហាញ​ពី​លោក ស្រិល អិុន ប្រធាន​ក្រុមប្រឹក្សា​សង្កាត់ និង​ជា​ចៅសង្កាត់ នៃ​សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​សូម​រម្លឹកថា កាលពី​រសៀល​ថ្ងៃ​សុក្រ ១៥​កើត ខែ​ភទ្របទ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៩​កន្លងទៅ លោក ស្រិល អិុន ប្រធាន​ក្រុមប្រឹក្សា​សង្កាត់ និង​ជា​ចៅសង្កាត់ នៃ​សង្កាត់​ផ្សារកណ្ដាល សហការ​ជាមួយ​លោក សាំង ឃឺន មេភូមិ​អូរឫស្សី ព្រមទាំង​ក្រុម​ការងារ​យុវជន​បាន​រំលែក​នូវ​ទឹកចិត្ត​ដោយ​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​រៀបចំ​ពិធី​ប្រគល់​ថវិកា និង​គ្រឿងឧបភោគ​និង​បរិភោគ ដើម្បី​លើកទឹកចិត្ត​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងថ្ងៃទាំងយប់​របស់​កម្លាំង​ប្រជា​ការពារ​ភូមិអូរ​ឫស្សី ចំនួន ១៣​នាក់​។ ក្នុងនោះ​លោក ស្រិល អិុន ចៅ​សង្កាត់​ផ្សារកណ្ដាល បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ១,២០០,០០០ (​មួយ​លាន​ពីរ​សែន​) រៀល និង​លោក សាំង ឃឺន មេភូមិ​អូរឫស្សី បាន​ឧបត្ថម្ភ​អង្ករ​ខ្សាយ ចំនួន ១២​បាវ ទម្ងន់ ៦០០​គីឡូក្រាម មី ១២​កេស និង​ភេសជ្ជៈ​មួយចំនួន​ផង​ដែរ​។​

​សូមបញ្ជាក់​ថា ប្រជា​ការពារ គឺ​កម្លាំង​ការពារ​សន្តិសុខ​ស្ម័គ្រចិត្ត​នៅ​ថ្នាក់​មូលដ្ឋាន ដែល​បំពេញការងារ​ដើម្បី​សុវត្ថិភាព សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​។ ប្រជា​ការពារ​គឺ​ជា​កម្លាំង​ដ៏​សំខាន់​មួយ​ក្នុង​ការជួយ​ការងារ​ដល់​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល បើទោះបីជា​កម្លាំង​ទាំងនោះ​គ្មាន​អាវុធ គ្មាន​ក្របខ័ណ្ឌ និង​គ្មាន​ប្រាក់បៀវត្ស ប៉ុន្តែ​ពួកគាត់​បាន​ស្ម័គ្រចិត្ត​ចូល​ការពារ​មូលដ្ឋាន​។ កម្លាំង​ប្រជា​ការពារ​ត្រូវបំពេញ​តួនាទី​របស់​ខ្លួន​ដូចជា ៖
១-​ប្រជា​ការពារ​គឺជា​សេនាធិការ​របស់​ប៉ុស្តិ៍​រដ្ឋបាល​នគរបា​ល​ឃុំ​-​សង្កាត់ បាន​ចូល​បម្រើ​ការងារ​ដោយ​ស្ម័គ្រចិត្ត សហការ​ជាមួយ​កងកម្លាំង​នគរបាល អាវុធហត្ថ និង​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ ពិសេស​បម្រើ​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ ពេល​មាន​ករណី​បទល្មើស​ផ្សេងៗ​កើតមានឡើង ប្រជា​ការពារ​ត្រូវ​ចុះ​ទៅ​ដល់​ភ្លាម​ដើម្បី​ទប់ស្កាត់​រួច​រាយការណ៍ ឬ​ចាប់ខ្លួន​ប្រគល់ឱ្យ​សមត្ថកិច្ច​។​
២-​ប្រជា​ការពារ​គឺ​នៅ​ជាប់​ជាមួយ​ប្រជាពលរដ្ឋ​ជា​ប្រចាំ ជួយ​ដាស់តឿន អប់រំ​ដល់​ប្រជាពលរដ្ឋ​ពី​បញ្ហា​ផ្សេងៗ ពិសេស​អប់រំ​ដល់​យុវជន​ឱ្យនៅ​ឆ្ងាយ​ពី​គ្រឿងញៀន​។​
៣-​ប្រជា​ការពារ​ត្រូវ​ក្តាប់​ឱ្យ​បាន​ពី​មុខសញ្ញា​ណា​ដែល​បាន​កើតឡើង​ញឹកញាប់​ជាង​គេ​កន្លងមក ឬ​មុខសញ្ញា​ណា​បម្រុង​កើតមានឡើង​ត្រូវ​ទប់ស្កាត់​ឱ្យបាន​ទាន់ពេលវេលា​៕

 

pu190917a01 pu190917a02 pu190917a03 pu190917a4 pu190917a05 pu190917a06 pu190917a07 pu190917a08 pu190917a09 pu190917a10 pu190917a11 pu190917a12 pu190917a13 pu190917a14 pu190917a15 pu190917a16 pu190917a17 pu190917a18 pu190917a19 pu190917a20 pu190917a21 pu190917a22 pu190917a23 pu190917a24 pu190917a25 pu190917a26