រាជរដ្ឋាភិបាល​កម្ពុជា​ប្រកាស​យក​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៩ ជា​ថ្ងៃ​កាន់ទុក្ខ​ជា​ផ្លូវការ នៃ​ព្រះ​បរមសព​សម្តេច​រាជបុត្រី​ព្រះរៀម នរោត្តម បុប្ផា​ទេវី ដោយ​បង្ហូតទង់ជាតិ​ត្រឹម​ពាក់កណ្តាល​នៃ​ដង​ទង់ជាតិ​នៅ​ទូទាំង​ប្រទេស​

រាជធានី​ភ្នំពេញ​-​ដោយ​: លាង សុភ័ក្ត្រ​

​រាជរដ្ឋាភិបាល​កម្ពុជា​ប្រកាស​យក​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៩ ជា​ថ្ងៃ​កាន់ទុក្ខ​ជា​ផ្លូវការ នៃ​ការចូលរួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរមសព​សម្តេច​រាជបុត្រី​ព្រះរៀម នរោត្តម បុប្ផា​ទេវី ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ និង​ជា​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។ នេះ​បើ​យោង​តាម​សារាចរ​ណែនាំ លេខៈ ១០​សរ​ណន ចុះ​ថ្ងៃ​ចន្ទ ៧​រោច ខែ​កត្តិក ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​

​សារាចរ​ណែនាំ​នេះ បាន​គូសបញ្ជាក់ថា ដោយ សម្តេច​រាជបុត្រី​ព្រះរៀម នរោត្តម បុប្ផា​ទេវី ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ និង​ជា​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដែល​ក្នុង​មួយ​ជីវិត​របស់​សម្តេច សម្តេច​បាន​មាន​គុណបំណាច់​យ៉ាង​ធំធេង​ចំពោះ​ជាតិ ជាពិសេស​ផ្នែក​សិល្បៈ វប្បធម៌ អរិយធម៌ រហូត​ទទួលបាន​ព្រះ​គោរមងា​រថា “​ទេ​ពនាថ​វ​ដ្តី​ឯក​” ជា​តួអង្គ​ឯក របាំ​អប្សរា លើកតម្កើង​វប្បធម៌​ពណ្ណរាយ​ជាតិ ថ្កើង​ថ្កាន ល្បីល្បាញ រន្ទឺ​ទូទាំង​សកលលោក ហើយ​ដែល​ព្រះអង្គ​បាន​យាង​សោយ​ព្រះ​ពិរាល័យ នៅ​ថ្ងៃ​ចន្ទ ៧​រោច ខែ​កត្តិក ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ វេលា​ម៉ោង​១២ និង​៣០​នាទី ថ្ងៃត្រង់ ក្នុង​ព្រះ​ជន្មាយុ ៧៧​ព្រះវស្សា ដោយ​ព្រះ​រោគាពាធ​។ រាជរដ្ឋាភិបាល សូម​ធ្វើ​ការណែនាំ ដូចតទៅ​៖
១-​ប្រកាស​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៩ ជា​ថ្ងៃ​កាន់ទុក្ខ​ជា​ផ្លូវការ​។​
២-​គ្រប់​ក្រសួង ស្ថាប័ន សាលារៀន មន្ទីរពេទ្យ​របស់​រដ្ឋ ឯកជន​ទាំងអស់ និង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ គ្រប់​ទី​វត្ត​អារាម ព្រមទាំង​ប្រជាជន​ទូទាំង​ប្រទេស ត្រូវ​បង្ហូតទង់ជាតិ​ត្រឹម​ពាក់កណ្តាល​នៃ​ដង​ទង់ជាតិ នៅ​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​
៣-​គ្រប់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ជាតិ និង​ឯកជន​ទាំងអស់ ត្រូវ​ផ្អាក​ការសម្តែង និង​ការចាក់ផ្សាយ​នូវ​ទស្សនីយភាព​ផ្សេងៗ​ដែល​មាន​លក្ខណៈ​សប្បាយ​គគ្រឹកគគ្រេង នៅ​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​

​ទទួលបាន​សារាចរ​ណែនាំ​នេះ គ្រប់​ក្រសួង ស្ថាប័ន គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ និង​រដ្ឋបាល​ដែនដី​គ្រប់​លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ព្រមទាំង​ជនរួមជាតិ​ទាំងអស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​ចូលរួម​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ជា​កិច្ច​ចូលរួម​មរណទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​នេះ​៕