ខេត្តព្រៃវែង-ដោយ: សុភ័ក្ត្រ
យោងតាមគណៈកម្មការផលិតទូក-ង ដើម្បីបំបែកឯតទគ្គកម្មពិភពលោកបានឱ្យដឹងថា ពិធីបំបែកឯតទគ្គកម្មពិភពលោក ទូក-ង ដែលមានប្រវែង វែងជាងគេលើពិភពលោកនឹងប្រារព្ធធ្វើឡើងនៅថ្ងៃចន្ទ ៥កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតំបន់ទីប្រជុំជនអ្នកលឿងត្រើយខាងកើត ស្ថិតក្នុងឃុំព្រែកខ្សាយ ខ ស្រុកពាមរក៍ ខេត្តព្រៃវែង។ ក្នុងពិធីនោះ តំណាងរបស់ Guinness World Records នឹងចុះមកពិនិត្យវាយតម្លៃលើលក្ខណៈបច្ចេកទេស ខ្នាតរបស់ទូក និងការអុំបង្ហាញជាក់ស្តែង រួចហើយប្រកាសលទ្ធផលអំពីការវាយតម្លៃនៅចុងបញ្ចប់កម្មវិធី។
ខណៈនេះ ទូក-ង ប្រវែងវែងជាងគេលើពិភពលោកកំពុងស្ថិតនៅក្នុងដំណាក់កាលអុំសាកល្បង តុបតែង និងបាញ់ពណ៌ មុននឹងដាក់ជូនក្រុមការងារ Guinness World Records ពិនិត្យ និងវាយតម្លៃនៅអំឡុងខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ។ ក្រោយពីពិភាក្សាក្នុងគណៈកម្មការ និងក្រុមការងារពាក់ព័ន្ធរួចមកទូក-ង ដែលមានប្រវែង វែងជាងគេលើពិភពលោកត្រូវបានប្រសិទ្ធនាមថា “កម្ពោជិកបុត្តាខេមរាតរី”
(Kambojikaputtakhemaratari) ដែលមានន័យថា ទូក-ង របស់កូនខ្មែររស់នៅក្នុងដែនដីកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តម ស សុខា ប្រធានគណៈកម្មការផលិតទូក-ង ដែលមានប្រវែង វែងជាងគេលើពិភពលោកបានដឹកនាំក្រុមការងារប្រជុំត្រៀមរៀបចំកម្មវិធីបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោកនាពេលដ៏ខ្លីខាងមុខ។ ឯកឧត្តម ប្រធានគណៈកម្មការផលិតទូក-ង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារនៃគណៈកម្មការ និងក្រុមជាងដែលបាននឹងកំពុងប្រឹងប្រែងអស់កម្លាំងកាយចិត្ត ដើម្បីផលិតទូក-ង ដ៏អស្ចារ្យនេះប្រកបដោយជោគជ័យ និងនាំមកនូវភាពល្បីល្បាញលើឆាកអន្តរជាតិសម្រាប់ព្រះរាជាណាចក្រកម្ពុជាយើងនាពេលខាងមុខនេះ។
សូមបញ្ជាក់ថា ទូក-ង ដែលមានប្រវែង វែងជាងគេលើពិភពលោក ដើម្បីបំបែកឯតទគ្គកម្មពិភពលោក មានប្រវែង ៨៥.៥ម៉ែត្រ និងមានចំណុះទូក ១៧៩នាក់។
សូមរម្លឹកថា កម្មវិធីផលិតទូកនេះ រៀបចំក្នុងគោលបំណង ១-រម្លឹកឡើងវិញនូវប្រវត្តិដ៏យូរលង់នៃការផលិត និងការប្រើប្រាស់ទូក-ង របស់ខ្មែរតាំងពីបុរាណ ក៏ដូចជារម្លឹកឡើងវិញនូវស្នាព្រះហស្ថរបស់ព្រះមហាក្សត្រខ្មែរគ្រប់ជំនាន់ ជាពិសេសព្រះបាទជ័យវរ្ម័នទី៧ ដែលបានប្រើប្រាស់ទូក-ង ជាមធ្យោបាយមួយក្នុងការធ្វើសឹកសង្គ្រាមជាមួយសត្រូវ ការពារបូរណភាពទឹកដី ,២-ជួយលើកតម្កើងកិត្យានុភាពជាតិ ដោយបង្ហាញពិភពលោកទាំងមូល ឱ្យដឹងកាន់តែច្បាស់ថា កម្ពុជាអាចបង្កើតស្នាដៃដ៏អស្ចារ្យមួយ និង ៣-ជំរុញស្មារតីស្នេហាជាតិ និងសាមគ្គីភាពនៃយុវជនជាកូនចៅជំនាន់ក្រោយ ក្នុងការថែរក្សានិងអភិរក្សកេរដំណែលពីដូនតា ៕