រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​បង្កើត​ក្រុង​កោះរ៉ុង ដោយ​កាត់​យក​សង្កាត់​ចំនួន​០២ ពី​ក្រុងព្រះសីហនុ​

រាជធានី​ភ្នំពេញ​-​ដោយ​: សុភ័ក្ត្រ​

​រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​បង្កើត​ក្រុង​កោះរ៉ុង នៃ​ខេត្ត​ព្រះសីហនុ ដោយ​កាត់​យក​សង្កាត់​ចំនួន​០២ ពី​ក្រុងព្រះសីហនុ នៃ​ខេត្ត​ព្រះសីហនុ​គឺ សង្កាត់​កោះរ៉ុង និង​សង្កាត់​កោះរ៉ុង​សន្លឹម​។ នេះ​បើ​យោងតាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា លេខ ០២ អនក្រ​.​បក ចុះ​ថ្ងៃ​អង្គារ ៣​កើត ខែ​បុស្ស ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៨ ខែ​មករា ឆ្នាំ​២០១៩​។​

​ក្នុង​អនុក្រឹត្យ​ខាងលើ​បាន​បញ្ជាក់បន្ថែម​ថា ទីតាំង​សាលាក្រុង​កោះរ៉ុង ត្រូវ​ស្ថិត​នៅក្នុង​សង្កាត់​កោះរ៉ុង​សន្លឹម​។ ជាមួយគ្នានេះ ការរៀបចំ​រចនាសម្ព័ន្ធ និង​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល​ក្រុង​កោះរ៉ុង ត្រូវ​អនុលោម​ទៅតាម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​។​

​សូមបញ្ជាក់​ថា បច្ចុប្បន្ននេះ ក្រោយ​ការបង្កើត​ក្រុង​កោះរ៉ុង បាន​ធ្វើឱ្យ​ខេត្ត​ព្រះសីហនុ មាន​ក្រុង​ចំនួន​២ គឺៈ ក្រុងព្រះសីហនុ និង​ក្រុង​កោះរ៉ុង រួម​នឹង​ស្រុក​ចំនួន​៣ គឺៈ ស្រុក​ព្រៃនប់ ស្រុក​កំពង់​សិលា និង​ស្រុក​ស្ទឹងហាវ​។​

pu190131b1 pu190131b